Friday, May 31, 2019

វាក្យស័ព្ទធនាគារ


វាក្យស័ព្ទធនាគារ
ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ៖ ម៉ាស៊ីនប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ។ 

ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ ៖ ប័ណ្ណដែលអាចប្រើប្រាស់បានជាមួយម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិសម្រាប់ធ្វើប្រតិបត្តិការដូចជា ពិនិត្យសមតុល្យគណនី និងដកប្រាក់ និងសេវាផ្សេងទៀត ។ ប័ណ្ណនេះមានលក្ខណៈប្រហាក់ប្រហែលនឹងប័ណ្ណឥណពន្ធ ព្រោះប័ណ្ណនេះត្រូវបានភ្ជាប់ផ្ទាល់ទៅនឹងគណនីធនាគារ ប៉ុន្តែមិនអាចប្រើប្រាស់សម្រាប់ការទំនិញនោះទេ ។ 

សហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ គឺជាបំណងនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននៅឆ្នាំ២០១៥ ។ គោលដៅសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ១/. ទីផ្សារនិងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ ២/. តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្ពស់ ៣/. តំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសមភាព និង ៤/. តំបន់ដែលមានសមាហរណកម្មពេញលេញនៅក្នុងសេដ្ឋកិច្ចសកល ។ 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ មានទីស្នាក់ការនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសំដៅទៅកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈការផ្តល់ឥណទាន ជំនួយឥតសំណង ការស្រាវជ្រាវសេដ្ឋកិច្ច ជំនួយផ្នែកគោលនយោបាយ និងបច្ចេកទេស ។ 

ជញ្ជីងទូទាត់ ៖ របាយការណ៍ស្ថិតិសង្ខេប ដែលកត់ត្រាប្រតិបត្តិការទូទាត់រវាងនិវេសជននិងអនិវេសជន នៅក្នុងពេលវេលាជាក់លាក់មួយ ។ ជញ្ជីងទូទាត់ រួមមាន គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុ ។ 

រូបិយវត្ថុទូទៅ ៖ គឺជាការរួមបញ្ជូលនៃរូបិយវត្ថុដែលកាន់កាប់ដោយសាធារណជន និងប្រាក់បញ្ញើដែលសាធារណជនដាក់ផ្ញើនៅធនាគារពាណិជ្ជ ។ 

ធនាគារកណ្តាល ៖ គឺស្ថាប័នជាតិមួយទទួលខុសត្រូវចំពោះការត្រួតពិនិត្យប្រព័ន្ធរូបិយវត្ថុជាតិ ។ ធនាគារកណ្ដាលមានទំនួលខុសត្រូវខ្ពស់ក្នុងការត្រួតពិនិត្យមើលលើគោលនយោបាយរូបិយវត្ថុ ដើម្បីអនុវត្តឲ្យបាននូវគោលដៅជាក់លាក់មួយដូចជា ស្ថិរភាពរូបិយវត្ថុ អតិផរណាទាប និងការងារពេញលេញ ។ តួនាទីរបស់ធនាគារកណ្ដាល ជាទូទៅគឺ បោះពុម្ពលុយ បទប្បញ្ញត្តប្រព័ន្ធឥណទាន ត្រួតពិនិត្យធនាគារពាណិជ្ជ គ្រប់គ្រងទុនបម្រុងអន្តរជាតិ និងដើរតួជាអ្នកឲ្យខ្ចីចុងក្រោយ ។ 

មូលប្បទានបត្រ ៖ មូលប្បទានបត្រគឺជាការបញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខ័ណ្ឌទៅកាន់ធនាគារិក ហើយចុះហត្ថលេខាដោយបុគ្គលដែលចេញបញ្ជា ដែលតម្រូវឱ្យធនាគារិកនោះផ្តល់ប្រាក់ក្នុងចំនួនកំណត់ណាមួយដល់បុគ្គលណាម្នាក់ ឬដល់អ្នកកាន់មូលប្បទានបត្រនោះ ។ មូលប្បទានបត្រត្រូវតែអាចទូទាត់បាន និងស្របតាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ ។ 

សភាផាត់ទាត់ ៖ គឺជាកន្លែងដែលតំណាងធនាគារផ្សេងៗជួបជុំគ្នាដើម្បីបញ្ជាក់ និងទូទាត់មូលប្បទានបត្រ និងសមតុល្យជាមួយគ្នា ។ សភាផាត់ទាត់នៅក្នុងប្រទេសភាគច្រើនលើពិភពលោកត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាល ។ 

ប័ណ្ណឥណទាន ៖ គឺជាប័ណ្ណដែលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណខ្ចីប្រាក់និងទិញទំនិញទៅតាមចំនួនសាច់ប្រាក់នៅក្នុងប័ណ្ណ និង ដោយគ្មានការទូទាត់ភ្លាមៗឲ្យទៅធនាគារទេ ប៉ុន្តែអ្នកកាន់ប័ណ្ណអាចសងប្រាក់ទៅធនាគារវិញ ប្រហែល ២៥ ទៅ៣០ ថ្ងៃ បន្ទាប់ ។ 

ការផ្ទេរឥណទាន ៖ ជាធម្មតា ត្រូវបានប្រើសម្រាប់ធ្វើការទូទាត់ពីអ្នកបង់ប្រាក់ទៅកាន់អ្នកទទួលផល/ប្រាក់ ។ ធនាគារពាណិជ្ជផ្តល់ការផ្ទេរឥណទានតាមរយៈសាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ អ៊ិនធើណេត កុំព្យូទ័រ និងទូរស័ព្ទ ។ 

ប័ណ្ណឥណពន្ធ ៖ ប័ណ្ណដែលប្រើសំរាប់ទូទាត់ទំនិញដោយកាត់ប្រាក់ផ្ទាល់ពីក្នុងគណនីរបស់អ្នកកាន់ប័ណ្ណនេះ ។ ប័ណ្ណនេះអាចឱ្យអ្នកប្រើប្រាស់សម្រាប់ដកប្រាក់ពីគណនីបញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ ពោលគឺដើរតួនាទីជាប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ ។ 

ឥណទានផ្ទាល់ ៖ ការដាក់ប្រាក់ដោយអ្នកបង់ប្រាក់ ទៅក្នុងគណនីអ្នកទទួលប្រាក់ ។ ការដាក់ប្រាក់ផ្ទាល់ ជាទូទៅត្រូវបានធ្វើឡើងតាមរយៈអាជីវកម្ម ដូចជា ការទូទាត់ប្រាក់ខែ ប្រាក់ឈ្នួល និងសម្រាប់ទូទាត់ទៅឲ្យគណនីអ្នកផ្គត់ផ្គង់ ។ ការដាក់ប្រាក់ផ្ទាល់ មានដូចជា ការទូទាត់វិក័យបត្រ ពន្ធ និងចំណាយរដ្ឋាភិបាល ។ 

ឥណពន្ធផ្ទាល់ ៖ ប្រព័ន្ធដែលអនុញ្ញាតឲ្យក្រុមហ៊ុនកាត់ប្រាក់ផ្ទាល់ពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្ត និងចំនួនដែលបានកាត់ចេញពីគណនីអាចឡើង ឬចុះ អាស្រ័យនឹងការយល់ព្រមពីអតិថិន ។ 

បញ្ជាទូទាត់អេឡិចត្រូនិក ៖ បញ្ជាទូទាត់អេឡិចត្រូនិកជាសេចក្តីណែនាំទៅកាន់ធនាគារមួយដើម្បីទូទាត់ឬប្រមូលប្រាក់ពីគណនីមួយ ទៅកាន់ឬសម្រាប់អ្នកទទួលសំណង ឬ ទៅកាន់ឬសម្រាប់គណនីអ្នកទទួលសំណង ហើយរួមបញ្ចូលទាំងការកែប្រែណាមួយនៃបញ្ជាទូទាត់ផងដែរ ។ ភាគីនៅក្នុងបញ្ជាទូទាត់គឺអ្នកផ្ញើនិងធនាគារដែលទទួល ។ 

អត្រាប្តូរប្រាក់ ៖ អត្រាប្តូរប្រាក់គឺជាតម្លៃរូបិយវត្ថុរបស់ប្រទេសមួយធៀបនឹងរូបិយប័ណ្ណរបស់ប្រទេសដទៃទៀត ។ អត្រាប្តូរប្រាក់ អាចមានន័យដូចខាងក្រោម ៖ 
- នៅក្នុងន័យផ្ទាល់ ៖ តម្លៃក្នុងមួយឯកតារូបិយប័ណ្ណបរទេសគិតជារូបិយវត្ថុក្នុងស្រុក ។ 
-នៅក្នុងន័យប្រយោល ៖ តម្លៃក្នុងមួយឯកតានៃរូបិយវត្ថុក្នុងស្រុកគិតជារូបិយប័ណ្ណបរទេស ។ 

ទុនបម្រុងអន្តរជាតិ ៖ សំដៅលើទ្រព្យសម្បត្តិជារូបិយប័ណ្ណដែលកាន់កាប់ដោយធនាគារកណ្ដាលនៃប្រទេសមួយ ។ ទ្រព្យសម្បត្តិនោះ រួមមាន សញ្ញាប័ណ្ណទីផ្សារអន្តរជាតិ (foreign marketable securities) មាស Special Drawing Rights (SDRs) និងទុនបម្រុងនៅមូលនិធិរូបិយវត្ថុអន្តរជាតិ ។ គោលបំណងសំខាន់នៃការកាន់ទុនបម្រុងអន្តរជាតិគឺដើម្បីធ្វើការទូទាត់ជាលក្ខណៈអន្តរជាតិនិងការពារនូវហានិភ័យអត្រាប្ដូរប្រាក់ ។ 

អតិផរណា ៖ ជាការកើនឡើងកម្រិតថ្លៃជាទូទៅនៃទំនិញនិងសេវាក្នុងសេដ្ឋកិច្ច ។ អតិផរណាត្រូវបានគណនាជាភាគរយ និង វាស់វែងកំណើនជា ខែ ត្រីមាស និង ឆ្នាំ ។ 

ទីផ្សាររូបិយវត្ថុអន្តរធនាគារ ៖ ទីផ្សារមួយដែលធនាគារផ្ដល់និងខ្ចីពីគ្នាទៅវិញទៅមក ។ 

អត្រាការប្រាក់ ៖ គឺអត្រា ដែលការប្រាក់ត្រូវបានបង់ដោយអ្នកខ្ចី (កូនបំណុល) សម្រាប់ប្រាក់ដែលអ្នកខ្ចីបានខ្ចីពីអ្នកផ្តល់កម្ចី (ម្ចាស់បំណុល) ។ អត្រាការប្រាក់ជាធម្មតាត្រូវបានគិតជាភាគរយ ក្នុងរយៈពេលមួយឆ្នាំ ។ 

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៖ អង្គការអន្តរជាតិ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និង សហប្រតិបត្តិការរូបិយវត្ថុ ជួយសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជំរុញអនិកម្មភាព កំណើនសេដ្ឋកិច្ចប្រកមដោយចីរភាព និងកាត់បន្ថយភាពក្រីក្រក្នុងពិភពលោក ។ 

ភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន ៖ អង្គការបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីចូលរួមក្នុងការជំរុញសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជប៉ុន និងសកលលោក តាមរយៈការជ្រោមជ្រែង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងើបឡើងវិញ ឬ ស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ 

អ្នកឱ្យខ្ចីចុងក្រោយ ៖ មុខងាររបស់ធនាគារកណ្ដាលក្នុងការផ្ដល់ឥណទានដល់ធនាគារ ដើម្បីដោះ-ស្រាយបញ្ហាសន្ទនីយភាពដែលបណ្ដាលមកពីភាពខុសគ្នានៃមូលនិធិ និងដើម្បីទប់ស្កាត់វិបត្តិស្រាច់ប្រាក់ងាយស្រួល ។ 

សន្ទនីយភាព ៖ កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាប័ណ្ណ អាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារ ដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ ។ ទ្រព្យសកម្មដែលមានភាពងាយស្រួលក្នុងការទិញនិងលក់ អាចចាត់ទុកជាទ្រព្យសកម្មដែលមានសន្ទនីយភាព ។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាព ក្នុងការបម្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់ ។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៖ គ្រឹះស្ថាន មានឯកទេសក្នុងការផ្ដល់សេវាហិរញ្ញវត្ថុដូចជាផ្តល់កម្ចីនិងទទួលប្រាក់បញ្ញើរ សម្រាប់ក្រុមឬបុគ្គលក្រីក្រនិងមានចំណូលទាប និងសហគ្រាសធន់តូច ។ 

គោលនយោបាយរូបិយវត្ថុ ៖ មធ្យោបាយដែលអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងគោលបំណងកំណត់អត្រាអតិផរណា ឬអត្រាការប្រាក់ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងការជឿជាក់លើរូបិយវត្ថុជាតិ ។ គោលដៅនៃគោលនយោបាយនេះគឺរួមចំណែកដល់ ស្ថិរភាពនិងកំណើនសេដ្ឋកិច្ច បន្ថយអត្រានិកម្មភាព និងព្យាករអត្រាប្ដូរប្រាក់ជាមួយរូបិយប័ណ្ណផ្សេងៗទៀត ។ 

គណៈកម្មការគោលនយោបាយរូបិយវត្ថុ ៖ គណៈកម្មការគោលនយោបាយជាន់ខ្ពស់នៅធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស និងជាអ្នកសម្រេចគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ ។ 

ធនាគារជាតិនៃកម្ពុជា ៖ ធនាគារកណ្ដាលនៃប្រទេសកម្ពុជា ។ 

មូលបត្រអាចជួញដូរបាន ៖ បំណុលមានការប្រាក់រយៈពេលខ្លី ដែលបោះផ្សាយដោយធនាគារកណ្ដាល ត្រូវបានកំណត់ជាប្រាក់រៀល និងដុល្លារអាមេរិកក្នុងតម្លៃប្រមាណ ២.០០០ លានរៀល ។ 

គណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការ ៖ អត្រាប្ដូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាត្រូវបានកំណត់ដោយគណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលមានសមាជិកមកពី នាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានបោះផ្សាយ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងការប្ដូរប្រាក់ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ ។ 

ប័ណ្ណទូទាត់ ៖ ប័ណ្ណដែលរួមមានប័ណ្ណជាច្រើនប្រភេទអាចប្រើប្រាស់ដោយម្ចាស់ប័ណ្ណសម្រាប់ ការទូទាត់ ។ ប័ណ្ណទូទាត់មានចំនួន ៤ ប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្ត និងប័ណ្ណបង់ប្រាក់ជាមុន ។ 

ប្រព័ន្ធទូទាត់ ៖ ផ្អែកតាមនិយមន័យរបស់ធនាគារទូទាត់អន្តរជាតិ ប្រព័ន្ធទូទាត់រាប់បញ្ចូលនូវឧបករណ៍ នីតិវិធីធនាគារ និងជាពិសេសប្រព័ន្ធផ្ទេរមូលនិធិអន្តរធនាគារ ដែលធានាឲ្យមានចរាចរណ៍សាច់ប្រាក់ ។ ជាទូទៅប្រព័ន្ធទូទាត់ត្រូវបានស្គាល់ថាជាមធ្យោបាយមួយ ដែលមូលនិធិត្រូវបានផ្ទេរដោយអ្នកចូលរួមក្នុងប្រព័ន្ធនោះ ។ ម្យ៉ាងទៀតសមាសធាតុដែលជាប់ទាក់ទងនឹងប្រព័ន្ធទូទាត់រួមមាន ១/. ក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិចេញដោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារកណ្តាល ២/. គ្រឹះស្ថានចូលរួមក្នុងប្រតិ-បត្ដិការនៃប្រព័ន្ធទូទាត់ រួមមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អ្នកផ្ដល់សេវាផ្ទេរប្រាក់មិនមែនធនាគារ និងធនាគារកណ្តាល ៣/. ឧបករណ៍ទូទាត់ និងយន្ដការទូទាត់និងផាត់ទាត់នៅក្នុងប្រព័ន្ធ ដែលត្រូវបានប្រើដើម្បីផ្ទេរមូលនិធិ ក្នុងគោលបំណងលុបចេញនូវកាតព្វកិច្ចដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ច ។ 

ប្រកាស ៖ បទប្បញ្ញត្តិដែលបានដាក់ចេញដោយរដ្ឋមន្ត្រី ឬទេសាភិបាលធនាគារកណ្តាល ដែលត្រូវអនុលោមទៅតាមច្បាប់និងអនុក្រឹត្យ ។ 

ប័ណ្ណបង់ប្រាក់ជាមុន ៖ ប័ណ្ណដែលបានបញ្ចូលទឹកប្រាក់ ដោយការដាក់ប្រាក់បញ្ញើក្នុងគណនីណាមួយនៃប័ណ្ណនោះ ហើយទឹកប្រាក់ក្នុងប័ណ្ណនេះអាចចាយវាយបាននៅតាមហាងមួយចំនួន ។ នៅក្នុងករណីខ្លះ ប័ណ្ណនេះត្រូវបានធ្វើឡើងជាពិសេសសម្រាប់ប្រើប្រាស់តាមអ៊ិនធើណិត ដូច្នេះ ប័ណ្ណនេះអាចពុំមានលេចចេញជារូបភាពឡើយ ។ ជាធម្មតា ប័ណ្ណបង់ប្រាក់ជាមុន រួមមាន កាតទូរស័ព្ទ ប័ណ្ណអំណោយ និងប័ណ្ណធ្វើដំណើរ ។ 

ស្ថិរភាពថ្លៃ ៖ ស្ថានភាពមួយដែលថ្លៃនៅក្នុងសេដ្ឋកិច្ចមួយមិនមានការប្រែប្រួលខ្លាំងក្នុងរយៈពេលណាមួយ។ ស្ថិរភាពថ្លៃអាចមានន័យថាសេដ្ឋកិច្ចមិនជួបប្រទះអតិផរណាឬបរិត្តផរណាខ្ពស់ ។ 

ប្រាក់បម្រុងកាតព្វកិច្ច ៖ ចំនួននៃប្រាក់បញ្ញើ ដែលធនាគារពាណិជ្ជត្រូវរក្សាទុកក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ ឬបញ្ញើជាមួយធនាគារកណ្តាល ។ ធនាគារកណ្តាលគឺជានិយ័តករដែលអាចកំណត់ប្រាក់បម្រុងកាតព្វកិច្ច ។ ធនាគារកណ្តាលប្រើប្រាស់ប្រាក់បម្រុងកាតព្វកិច្ចជាមធ្យោបាយសម្រាប់គ្រប់គ្រងសន្ទនីយភាពក្នុងទីផ្សារ ។ ប្រាក់បម្រុងកាតព្វកិច្ចទាបអនុញ្ញាតិឲ្យមានសន្ទនីយភាពខ្ពស់ក្នុងប្រព័ន្ធធនាគារ។ប្រាក់បម្រុងកាតព្វកិច្ច ខ្ពស់ ធ្វើឲ្យមានសន្ទនីយភាពទាប ។ 

រៀល ៖ រូបិយវត្ថុជាតិនៃប្រទេសកម្ពុជា ។ 

ភាពប្រែប្រួល ៖ អត្រាដែលតម្លៃមូលបត្រឡើងនិងចុះ ។ ភាពប្រែប្រួលត្រូវបានគណនាតាមរយៈ គម្លាតថ្លៃប្រចាំថ្ងៃក្នុងមួយឆ្នាំ (Annualized standard deviation of daily change in price) ។ ប្រសិនបើតម្លៃមូលបត្រកើនឡើងនិងចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី មូលបត្រនេះមានភាពប្រែប្រួលខ្ពស់ ។ ប្រសិនបើតម្លៃស្ទើរតែមិនផ្លាស់ប្តូរ មូលបត្រនេះមានភាពប្រែប្រួលទាប ។ 

ប្រាក់ចំណេញ ៖ អត្រានៃប្រាក់ចំណូលបានពីភាគហ៊ុននៅក្នុងទម្រង់ជាភាគលាភ ឬអត្រាការប្រាក់ប្រសិទ្ធភាពនៃប័ណ្ណបំណុល ដែលគណនាដោយអត្រាដែលចារិកនៅលើប័ណ្ណបំណុល Coupon ធៀបនឹងតម្លៃទីផ្សារនៃប័ណ្ណបំណុល។ លើសពីនេះទៀត សម្រាប់ការវិនិយោគ ប្រាក់ចំនេញនេះគឺជាអត្រាទាញចំណូល (rate of return) ប្រចាំឆ្នាំគិតជាភាគរយ ។ 

ក្រុមធនាគារពិភពលោក ៖ អង្គការអន្តរជាតិចំនួន៥ដែលចូលរួមក្នុងការផ្តល់ហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប និងផ្តល់អនុសាសន៍ដល់ប្រទេសដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការជួយជ្រោមជ្រែងប្រទេសទាំងនោះលើវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល អប់រំ និង កសិកម្ម ។

1 comment:

  1. http://63.250.38.55/ merupakan permainan tebak angka yang sudah populer sejak dulu. Kalau dulu biasa disebut dengan porkas atau lotery. Dan bagi penduduk singapore disebut dengan toto gelap. Jenis permainan ini sangat menguntungkan, apalagi jika bisa menebak angka dengan tepat menggunakan rumus toto hongkong yang akan membuat kalian menang setiap hari. Ayo coba sekarang juga, kaian akan memperoleh keuntungan yang sangat besar.

    ReplyDelete