វាក្យស័ព្ទធនាគារ
ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ៖ ម៉ាស៊ីនប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ។ ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ ៖ ប័ណ្ណដែលអាចប្រើប្រាស់បានជាមួយម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិសម្រាប់ធ្វើប្រតិបត្តិការដូចជា ពិនិត្យសមតុល្យគណនី និងដកប្រាក់ និងសេវាផ្សេងទៀត ។ ប័ណ្ណនេះមានលក្ខណៈប្រហាក់ប្រហែលនឹងប័ណ្ណឥណពន្ធ ព្រោះប័ណ្ណនេះត្រូវបានភ្ជាប់ផ្ទាល់ទៅនឹងគណនីធនាគារ ប៉ុន្តែមិនអាចប្រើប្រាស់សម្រាប់ការទំនិញនោះទេ ។
សហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ គឺជាបំណងនៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននៅឆ្នាំ២០១៥ ។ គោលដៅសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ១/. ទីផ្សារនិងមូលដ្ឋានផលិតកម្មរួមគ្នាតែមួយ ២/. តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្ពស់ ៣/. តំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសមភាព និង ៤/. តំបន់ដែលមានសមាហរណកម្មពេញលេញនៅក្នុងសេដ្ឋកិច្ចសកល ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ មានទីស្នាក់ការនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសំដៅទៅកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈការផ្តល់ឥណទាន ជំនួយឥតសំណង ការស្រាវជ្រាវសេដ្ឋកិច្ច ជំនួយផ្នែកគោលនយោបាយ និងបច្ចេកទេស ។
ជញ្ជីងទូទាត់ ៖ របាយការណ៍ស្ថិតិសង្ខេប ដែលកត់ត្រាប្រតិបត្តិការទូទាត់រវាងនិវេសជននិងអនិវេសជន នៅក្នុងពេលវេលាជាក់លាក់មួយ ។ ជញ្ជីងទូទាត់ រួមមាន គណនីចរន្ត គណនីមូលធន និង គណនីហិរញ្ញវត្ថុ ។
រូបិយវត្ថុទូទៅ ៖ គឺជាការរួមបញ្ជូលនៃរូបិយវត្ថុដែលកាន់កាប់ដោយសាធារណជន និងប្រាក់បញ្ញើដែលសាធារណជនដាក់ផ្ញើនៅធនាគារពាណិជ្ជ ។
ធនាគារកណ្តាល ៖ គឺស្ថាប័នជាតិមួយទទួលខុសត្រូវចំពោះការត្រួតពិនិត្យប្រព័ន្ធរូបិយវត្ថុជាតិ ។ ធនាគារកណ្ដាលមានទំនួលខុសត្រូវខ្ពស់ក្នុងការត្រួតពិនិត្យមើលលើគោលនយោបាយរូបិយវត្ថុ ដើម្បីអនុវត្តឲ្យបាននូវគោលដៅជាក់លាក់មួយដូចជា ស្ថិរភាពរូបិយវត្ថុ អតិផរណាទាប និងការងារពេញលេញ ។ តួនាទីរបស់ធនាគារកណ្ដាល ជាទូទៅគឺ បោះពុម្ពលុយ បទប្បញ្ញត្តប្រព័ន្ធឥណទាន ត្រួតពិនិត្យធនាគារពាណិជ្ជ គ្រប់គ្រងទុនបម្រុងអន្តរជាតិ និងដើរតួជាអ្នកឲ្យខ្ចីចុងក្រោយ ។
មូលប្បទានបត្រ ៖ មូលប្បទានបត្រគឺជាការបញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខ័ណ្ឌទៅកាន់ធនាគារិក ហើយចុះហត្ថលេខាដោយបុគ្គលដែលចេញបញ្ជា ដែលតម្រូវឱ្យធនាគារិកនោះផ្តល់ប្រាក់ក្នុងចំនួនកំណត់ណាមួយដល់បុគ្គលណាម្នាក់ ឬដល់អ្នកកាន់មូលប្បទានបត្រនោះ ។ មូលប្បទានបត្រត្រូវតែអាចទូទាត់បាន និងស្របតាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ ។
សភាផាត់ទាត់ ៖ គឺជាកន្លែងដែលតំណាងធនាគារផ្សេងៗជួបជុំគ្នាដើម្បីបញ្ជាក់ និងទូទាត់មូលប្បទានបត្រ និងសមតុល្យជាមួយគ្នា ។ សភាផាត់ទាត់នៅក្នុងប្រទេសភាគច្រើនលើពិភពលោកត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាល ។
ប័ណ្ណឥណទាន ៖ គឺជាប័ណ្ណដែលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណខ្ចីប្រាក់និងទិញទំនិញទៅតាមចំនួនសាច់ប្រាក់នៅក្នុងប័ណ្ណ និង ដោយគ្មានការទូទាត់ភ្លាមៗឲ្យទៅធនាគារទេ ប៉ុន្តែអ្នកកាន់ប័ណ្ណអាចសងប្រាក់ទៅធនាគារវិញ ប្រហែល ២៥ ទៅ៣០ ថ្ងៃ បន្ទាប់ ។
ការផ្ទេរឥណទាន ៖ ជាធម្មតា ត្រូវបានប្រើសម្រាប់ធ្វើការទូទាត់ពីអ្នកបង់ប្រាក់ទៅកាន់អ្នកទទួលផល/ប្រាក់ ។ ធនាគារពាណិជ្ជផ្តល់ការផ្ទេរឥណទានតាមរយៈសាខា ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ អ៊ិនធើណេត កុំព្យូទ័រ និងទូរស័ព្ទ ។
ប័ណ្ណឥណពន្ធ ៖ ប័ណ្ណដែលប្រើសំរាប់ទូទាត់ទំនិញដោយកាត់ប្រាក់ផ្ទាល់ពីក្នុងគណនីរបស់អ្នកកាន់ប័ណ្ណនេះ ។ ប័ណ្ណនេះអាចឱ្យអ្នកប្រើប្រាស់សម្រាប់ដកប្រាក់ពីគណនីបញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ ពោលគឺដើរតួនាទីជាប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ ។
ឥណទានផ្ទាល់ ៖ ការដាក់ប្រាក់ដោយអ្នកបង់ប្រាក់ ទៅក្នុងគណនីអ្នកទទួលប្រាក់ ។ ការដាក់ប្រាក់ផ្ទាល់ ជាទូទៅត្រូវបានធ្វើឡើងតាមរយៈអាជីវកម្ម ដូចជា ការទូទាត់ប្រាក់ខែ ប្រាក់ឈ្នួល និងសម្រាប់ទូទាត់ទៅឲ្យគណនីអ្នកផ្គត់ផ្គង់ ។ ការដាក់ប្រាក់ផ្ទាល់ មានដូចជា ការទូទាត់វិក័យបត្រ ពន្ធ និងចំណាយរដ្ឋាភិបាល ។
ឥណពន្ធផ្ទាល់ ៖ ប្រព័ន្ធដែលអនុញ្ញាតឲ្យក្រុមហ៊ុនកាត់ប្រាក់ផ្ទាល់ពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្ត និងចំនួនដែលបានកាត់ចេញពីគណនីអាចឡើង ឬចុះ អាស្រ័យនឹងការយល់ព្រមពីអតិថិន ។
បញ្ជាទូទាត់អេឡិចត្រូនិក ៖ បញ្ជាទូទាត់អេឡិចត្រូនិកជាសេចក្តីណែនាំទៅកាន់ធនាគារមួយដើម្បីទូទាត់ឬប្រមូលប្រាក់ពីគណនីមួយ ទៅកាន់ឬសម្រាប់អ្នកទទួលសំណង ឬ ទៅកាន់ឬសម្រាប់គណនីអ្នកទទួលសំណង ហើយរួមបញ្ចូលទាំងការកែប្រែណាមួយនៃបញ្ជាទូទាត់ផងដែរ ។ ភាគីនៅក្នុងបញ្ជាទូទាត់គឺអ្នកផ្ញើនិងធនាគារដែលទទួល ។
អត្រាប្តូរប្រាក់ ៖ អត្រាប្តូរប្រាក់គឺជាតម្លៃរូបិយវត្ថុរបស់ប្រទេសមួយធៀបនឹងរូបិយប័ណ្ណរបស់ប្រទេសដទៃទៀត ។ អត្រាប្តូរប្រាក់ អាចមានន័យដូចខាងក្រោម ៖
- នៅក្នុងន័យផ្ទាល់ ៖ តម្លៃក្នុងមួយឯកតារូបិយប័ណ្ណបរទេសគិតជារូបិយវត្ថុក្នុងស្រុក ។
-នៅក្នុងន័យប្រយោល ៖ តម្លៃក្នុងមួយឯកតានៃរូបិយវត្ថុក្នុងស្រុកគិតជារូបិយប័ណ្ណបរទេស ។
ទុនបម្រុងអន្តរជាតិ ៖ សំដៅលើទ្រព្យសម្បត្តិជារូបិយប័ណ្ណដែលកាន់កាប់ដោយធនាគារកណ្ដាលនៃប្រទេសមួយ ។ ទ្រព្យសម្បត្តិនោះ រួមមាន សញ្ញាប័ណ្ណទីផ្សារអន្តរជាតិ (foreign marketable securities) មាស Special Drawing Rights (SDRs) និងទុនបម្រុងនៅមូលនិធិរូបិយវត្ថុអន្តរជាតិ ។ គោលបំណងសំខាន់នៃការកាន់ទុនបម្រុងអន្តរជាតិគឺដើម្បីធ្វើការទូទាត់ជាលក្ខណៈអន្តរជាតិនិងការពារនូវហានិភ័យអត្រាប្ដូរប្រាក់ ។
អតិផរណា ៖ ជាការកើនឡើងកម្រិតថ្លៃជាទូទៅនៃទំនិញនិងសេវាក្នុងសេដ្ឋកិច្ច ។ អតិផរណាត្រូវបានគណនាជាភាគរយ និង វាស់វែងកំណើនជា ខែ ត្រីមាស និង ឆ្នាំ ។
ទីផ្សាររូបិយវត្ថុអន្តរធនាគារ ៖ ទីផ្សារមួយដែលធនាគារផ្ដល់និងខ្ចីពីគ្នាទៅវិញទៅមក ។
អត្រាការប្រាក់ ៖ គឺអត្រា ដែលការប្រាក់ត្រូវបានបង់ដោយអ្នកខ្ចី (កូនបំណុល) សម្រាប់ប្រាក់ដែលអ្នកខ្ចីបានខ្ចីពីអ្នកផ្តល់កម្ចី (ម្ចាស់បំណុល) ។ អត្រាការប្រាក់ជាធម្មតាត្រូវបានគិតជាភាគរយ ក្នុងរយៈពេលមួយឆ្នាំ ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៖ អង្គការអន្តរជាតិ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ក្នុងគោលបំណងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និង សហប្រតិបត្តិការរូបិយវត្ថុ ជួយសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជំរុញអនិកម្មភាព កំណើនសេដ្ឋកិច្ចប្រកមដោយចីរភាព និងកាត់បន្ថយភាពក្រីក្រក្នុងពិភពលោក ។
ភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន ៖ អង្គការបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីចូលរួមក្នុងការជំរុញសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជប៉ុន និងសកលលោក តាមរយៈការជ្រោមជ្រែង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងើបឡើងវិញ ឬ ស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
អ្នកឱ្យខ្ចីចុងក្រោយ ៖ មុខងាររបស់ធនាគារកណ្ដាលក្នុងការផ្ដល់ឥណទានដល់ធនាគារ ដើម្បីដោះ-ស្រាយបញ្ហាសន្ទនីយភាពដែលបណ្ដាលមកពីភាពខុសគ្នានៃមូលនិធិ និងដើម្បីទប់ស្កាត់វិបត្តិស្រាច់ប្រាក់ងាយស្រួល ។
សន្ទនីយភាព ៖ កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាប័ណ្ណ អាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារ ដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ ។ ទ្រព្យសកម្មដែលមានភាពងាយស្រួលក្នុងការទិញនិងលក់ អាចចាត់ទុកជាទ្រព្យសកម្មដែលមានសន្ទនីយភាព ។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាព ក្នុងការបម្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៖ គ្រឹះស្ថាន មានឯកទេសក្នុងការផ្ដល់សេវាហិរញ្ញវត្ថុដូចជាផ្តល់កម្ចីនិងទទួលប្រាក់បញ្ញើរ សម្រាប់ក្រុមឬបុគ្គលក្រីក្រនិងមានចំណូលទាប និងសហគ្រាសធន់តូច ។
គោលនយោបាយរូបិយវត្ថុ ៖ មធ្យោបាយដែលអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងគោលបំណងកំណត់អត្រាអតិផរណា ឬអត្រាការប្រាក់ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងការជឿជាក់លើរូបិយវត្ថុជាតិ ។ គោលដៅនៃគោលនយោបាយនេះគឺរួមចំណែកដល់ ស្ថិរភាពនិងកំណើនសេដ្ឋកិច្ច បន្ថយអត្រានិកម្មភាព និងព្យាករអត្រាប្ដូរប្រាក់ជាមួយរូបិយប័ណ្ណផ្សេងៗទៀត ។
គណៈកម្មការគោលនយោបាយរូបិយវត្ថុ ៖ គណៈកម្មការគោលនយោបាយជាន់ខ្ពស់នៅធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស និងជាអ្នកសម្រេចគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ ។
ធនាគារជាតិនៃកម្ពុជា ៖ ធនាគារកណ្ដាលនៃប្រទេសកម្ពុជា ។
មូលបត្រអាចជួញដូរបាន ៖ បំណុលមានការប្រាក់រយៈពេលខ្លី ដែលបោះផ្សាយដោយធនាគារកណ្ដាល ត្រូវបានកំណត់ជាប្រាក់រៀល និងដុល្លារអាមេរិកក្នុងតម្លៃប្រមាណ ២.០០០ លានរៀល ។
គណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការ ៖ អត្រាប្ដូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាត្រូវបានកំណត់ដោយគណៈកម្មការ អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលមានសមាជិកមកពី នាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានបោះផ្សាយ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងការប្ដូរប្រាក់ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ ។
ប័ណ្ណទូទាត់ ៖ ប័ណ្ណដែលរួមមានប័ណ្ណជាច្រើនប្រភេទអាចប្រើប្រាស់ដោយម្ចាស់ប័ណ្ណសម្រាប់ ការទូទាត់ ។ ប័ណ្ណទូទាត់មានចំនួន ៤ ប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណដកនិងដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្ត និងប័ណ្ណបង់ប្រាក់ជាមុន ។
ប្រព័ន្ធទូទាត់ ៖ ផ្អែកតាមនិយមន័យរបស់ធនាគារទូទាត់អន្តរជាតិ ប្រព័ន្ធទូទាត់រាប់បញ្ចូលនូវឧបករណ៍ នីតិវិធីធនាគារ និងជាពិសេសប្រព័ន្ធផ្ទេរមូលនិធិអន្តរធនាគារ ដែលធានាឲ្យមានចរាចរណ៍សាច់ប្រាក់ ។ ជាទូទៅប្រព័ន្ធទូទាត់ត្រូវបានស្គាល់ថាជាមធ្យោបាយមួយ ដែលមូលនិធិត្រូវបានផ្ទេរដោយអ្នកចូលរួមក្នុងប្រព័ន្ធនោះ ។ ម្យ៉ាងទៀតសមាសធាតុដែលជាប់ទាក់ទងនឹងប្រព័ន្ធទូទាត់រួមមាន ១/. ក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិចេញដោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសធនាគារកណ្តាល ២/. គ្រឹះស្ថានចូលរួមក្នុងប្រតិ-បត្ដិការនៃប្រព័ន្ធទូទាត់ រួមមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អ្នកផ្ដល់សេវាផ្ទេរប្រាក់មិនមែនធនាគារ និងធនាគារកណ្តាល ៣/. ឧបករណ៍ទូទាត់ និងយន្ដការទូទាត់និងផាត់ទាត់នៅក្នុងប្រព័ន្ធ ដែលត្រូវបានប្រើដើម្បីផ្ទេរមូលនិធិ ក្នុងគោលបំណងលុបចេញនូវកាតព្វកិច្ចដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ច ។
ប្រកាស ៖ បទប្បញ្ញត្តិដែលបានដាក់ចេញដោយរដ្ឋមន្ត្រី ឬទេសាភិបាលធនាគារកណ្តាល ដែលត្រូវអនុលោមទៅតាមច្បាប់និងអនុក្រឹត្យ ។
ប័ណ្ណបង់ប្រាក់ជាមុន ៖ ប័ណ្ណដែលបានបញ្ចូលទឹកប្រាក់ ដោយការដាក់ប្រាក់បញ្ញើក្នុងគណនីណាមួយនៃប័ណ្ណនោះ ហើយទឹកប្រាក់ក្នុងប័ណ្ណនេះអាចចាយវាយបាននៅតាមហាងមួយចំនួន ។ នៅក្នុងករណីខ្លះ ប័ណ្ណនេះត្រូវបានធ្វើឡើងជាពិសេសសម្រាប់ប្រើប្រាស់តាមអ៊ិនធើណិត ដូច្នេះ ប័ណ្ណនេះអាចពុំមានលេចចេញជារូបភាពឡើយ ។ ជាធម្មតា ប័ណ្ណបង់ប្រាក់ជាមុន រួមមាន កាតទូរស័ព្ទ ប័ណ្ណអំណោយ និងប័ណ្ណធ្វើដំណើរ ។
ស្ថិរភាពថ្លៃ ៖ ស្ថានភាពមួយដែលថ្លៃនៅក្នុងសេដ្ឋកិច្ចមួយមិនមានការប្រែប្រួលខ្លាំងក្នុងរយៈពេលណាមួយ។ ស្ថិរភាពថ្លៃអាចមានន័យថាសេដ្ឋកិច្ចមិនជួបប្រទះអតិផរណាឬបរិត្តផរណាខ្ពស់ ។
ប្រាក់បម្រុងកាតព្វកិច្ច ៖ ចំនួននៃប្រាក់បញ្ញើ ដែលធនាគារពាណិជ្ជត្រូវរក្សាទុកក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ ឬបញ្ញើជាមួយធនាគារកណ្តាល ។ ធនាគារកណ្តាលគឺជានិយ័តករដែលអាចកំណត់ប្រាក់បម្រុងកាតព្វកិច្ច ។ ធនាគារកណ្តាលប្រើប្រាស់ប្រាក់បម្រុងកាតព្វកិច្ចជាមធ្យោបាយសម្រាប់គ្រប់គ្រងសន្ទនីយភាពក្នុងទីផ្សារ ។ ប្រាក់បម្រុងកាតព្វកិច្ចទាបអនុញ្ញាតិឲ្យមានសន្ទនីយភាពខ្ពស់ក្នុងប្រព័ន្ធធនាគារ។ប្រាក់បម្រុងកាតព្វកិច្ច ខ្ពស់ ធ្វើឲ្យមានសន្ទនីយភាពទាប ។
រៀល ៖ រូបិយវត្ថុជាតិនៃប្រទេសកម្ពុជា ។
ភាពប្រែប្រួល ៖ អត្រាដែលតម្លៃមូលបត្រឡើងនិងចុះ ។ ភាពប្រែប្រួលត្រូវបានគណនាតាមរយៈ គម្លាតថ្លៃប្រចាំថ្ងៃក្នុងមួយឆ្នាំ (Annualized standard deviation of daily change in price) ។ ប្រសិនបើតម្លៃមូលបត្រកើនឡើងនិងចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី មូលបត្រនេះមានភាពប្រែប្រួលខ្ពស់ ។ ប្រសិនបើតម្លៃស្ទើរតែមិនផ្លាស់ប្តូរ មូលបត្រនេះមានភាពប្រែប្រួលទាប ។
ប្រាក់ចំណេញ ៖ អត្រានៃប្រាក់ចំណូលបានពីភាគហ៊ុននៅក្នុងទម្រង់ជាភាគលាភ ឬអត្រាការប្រាក់ប្រសិទ្ធភាពនៃប័ណ្ណបំណុល ដែលគណនាដោយអត្រាដែលចារិកនៅលើប័ណ្ណបំណុល Coupon ធៀបនឹងតម្លៃទីផ្សារនៃប័ណ្ណបំណុល។ លើសពីនេះទៀត សម្រាប់ការវិនិយោគ ប្រាក់ចំនេញនេះគឺជាអត្រាទាញចំណូល (rate of return) ប្រចាំឆ្នាំគិតជាភាគរយ ។
ក្រុមធនាគារពិភពលោក ៖ អង្គការអន្តរជាតិចំនួន៥ដែលចូលរួមក្នុងការផ្តល់ហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប និងផ្តល់អនុសាសន៍ដល់ប្រទេសដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការជួយជ្រោមជ្រែងប្រទេសទាំងនោះលើវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល អប់រំ និង កសិកម្ម ។